(ព្រះវិហារ)៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី រ័ត្ន មុី មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ប្រចាំការទិសទី១ ខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស ព្រមទាំងសហការី បានអញ្ជើញនាំយកបច្ច័យរបស់ឯកឧត្តមមេបញ្ជាការ មិត្តរួមអាវុធក្នុងអង្គភាព និងកម្លាំងកំពុងបំពេញបេសកកម្មជួរមុខ សរុបចំនួន ២,៧៧៥,០០០ (ពីរលានប្រាំពីរសែនប្រាំម៉ឺនរៀល) ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវសិក្ខាគិរីស្វារៈ ស្ថិតក្នុងតំបន់ប្រាសាទព្រះវិហារ។
ការនាំយកបច្ច័យទៅប្រគេនព្រះសង្ឃនាឱកាសនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ ប្រកបដោយសទ្ធាជ្រះថ្លា និងការគោរពប្រតិបត្តិតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានគោលបំណងចូលរួមទំនុកបម្រុងវិស័យព្រះពុទ្ធសាសនា លើកស្ទួយវប្បធម៌ប្រពៃណីជាតិ និងឧបត្ថម្ភដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដើម្បីបន្តបំពេញពុទ្ធកិច្ច និងផ្សព្វផ្សាយព្រះធម៌ជាប្រយោជន៍ដល់ពុទ្ធបរិស័ទ។
ម្យ៉ាងទៀត ដើម្បីឧទ្ទិសផល្លានិសង្សជូនដល់ដួងវិញ្ញាណក្ខន្ធវីរបុរសយុទ្ធជនខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ព្រមទាំងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។
ក្នុងឱកាសនោះផងដែរ ព្រះសង្ឃបានប្រគេនពរជ័យ និងបួងសួងសុំឱ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ ជូនដល់គណៈប្រតិភូ ឯកឧត្តមមេបញ្ជាការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងប្រជាពលរដ្ឋកម្ពុជា សូមជួបតែសេចក្តីសុខ សុវត្ថិភាព សុខភាពល្អ និងជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីបន្តរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
សកម្មភាពនេះបានឆ្លុះបញ្ចាំងពីទឹកចិត្តសាមគ្គីភាព ការយកចិត្តទុកដាក់ចំពោះព្រះពុទ្ធសាសនា និងការបន្តអនុវត្តប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ដែលកងទ័ពតែងតែចូលរួមគាំទ្រ និងថែរក្សាជាប្រចាំ៕

