(កែប)៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គសិក្សាបំប៉នជំនាញ ស្តីពីការប្រើប្រាស់អាវុធ ការថែទាំ និងការរក្សាអាវុធរយៈពេល ២សប្តាហ៍ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យពាក់ព័ន្ធ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធាន អនុប្រធានក្រុមទាំង៦ ព្រមទាំងសមាជិកទាំងអស់ នៃកងអនុសេនាតូចទាំង២ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ គ្រូឧទ្ទេស និងសិក្ខាកាម នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកែប។
បន្ទាប់ពីបានស្ដាប់របាយការណ៍អំពីលទ្ធផលវគ្គសិក្សាពីលោកវរសេនីយ៍ឯក ជា សត្យា ស្នងការរង ផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ រួចមក។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះការបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ លោកស្នងការ ក៏បានកោតសរសើរចំពោះការិយាល័យបណ្តុះបណ្តាល និងការិយាល័យពាក់ព័ន្ធ រួមជាមួយគ្រូឧទ្ទេស ដែលបានសហការគ្នាល្អក្នុងការរៀបចំបង្កើតឲ្យមានវគ្គសិក្សានេះឡើង ដើម្បីពង្រឹងសមត្ថភាពចំណេះជំនាញដល់មន្ត្រីនគរបាលយកទៅអនុវត្តឲ្យចំគោលដៅ នៅតាមអង្គភាព។
បន្ថែមពីនេះលោក ស្នងការ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ជាពិសេសមន្ត្រីនគរបាលមូលដ្ឋានត្រូវធ្វើការងារដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ គ្រប់ការងារដែលយើងបំពេញត្រូវគោរពវិន័យ ប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ គឺត្រូវគោរព និងបំរើដោយស្មោះត្រង់ជាមួយពលរដ្ឋ រួសរាយ រាក់ទាក់មិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវមានអាកប្បកិរិយាសុភាពរាបសារ ស្លូតបូត ទន់ភ្លន់ ថ្លៃថ្នូរ តែម៉ឺងម៉ាត់ក្នុងការងារ ពិសេសយកចំណេះដឹងទាំងអស់ដែលទើបទទួលបានពីវគ្គសិក្សាទៅបម្រើសកម្មភាពការងារជាក់ស្ដែងនៅតាមអង្គភាពរៀងៗខ្លួនប្រកបដោយគុណភាព និងប្រសិទ្ធភាព៕

