ខេត្តកណ្តាល៖ ភាពតានតឹងជុំវិញវិវាទដីធ្លីនៅឃុំពោធិ៍បាន និងឃុំកំពង់កុង ស្រុកកោះធំ បានឈានដល់កម្រិតក្តៅគគុក រហូតស្ទើរផ្ទុះអំពើហិង្សា ក្រោយប្រជាពលរដ្ឋជាង ១០០គ្រួសារ បានប្រមូលផ្តុំគ្នាផ្ទុះការតវ៉ាយ៉ាងប្រឆាំងនឹងក្រុមហ៊ុន របស់លោក ភឺន ផល្លា ជុំវិញគម្រោងដោះដូរដីរដ្ឋ បន្ទាប់ពីភាគីក្រុមហ៊ុនបានយកលិខិត សជណ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មកធ្វើជាសំអាងឈូសឆាយដី និងកាយទំនប់ព័ទ្ធយក ខណៈអាជ្ញាធររងការរិះគន់ថាយកលេសមិនហ៊ានធ្វើការអន្តរាគមន៍។
លោកតា ចាន់ កុកស្រ៊ុន តំណាងប្រជាពលរដ្ឋ បានបញ្ជាក់ថា អ្នកភូមិបានតស៊ូរានព្រៃអាស្រ័យផលតាំងពីឆ្នាំ១៩៨០ មកម្ល៉េះ។ សម្រាប់លោកផ្ទាល់ មានដីជាង ១០០ហិកតា ដែលបានទិញតាំងពីឆ្នាំ២០០៤ ដោយមានឯកសារទិញលក់ និងការទទួលស្គាល់ពីអាជ្ញាធរឃុំនាសម័យនោះយ៉ាងត្រឹមត្រូវ។ លោកបន្តថា លិខិត សជណ គ្រាន់តែជាការជូនដំណឹងពីរដ្ឋ មិនមែនជាលិខិតអនុញ្ញាតឱ្យរំលោភយកដីដោយមិនចរចានោះទេ ជាក់ស្តែង «ចំណុចទី៤» នៃលិខិតនេះ បានតម្រូវឱ្យភាគីពាក់ព័ន្ធដោះស្រាយសំណងក្នុងតម្លៃ ០,១៥ ដល់ ០,២០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ ដូចគម្រោងផ្សារទំនើបអ៉ីអន៣ ដែលមានលិខិត សជណ ដូចគ្នា ប៉ុន្តែគេបានទិញ និងដោះស្រាយសំណងជាមួយពលរដ្ឋត្រឹមត្រូវមុននឹងអភិវឌ្ឍ។
ជុំវិញបញ្ហានេះ តំណាងពលរដ្ឋបានលើកឡើងថា ទង្វើដែលក្រុមហ៊ុនប្រើគ្រឿងចក្រមកគាបសង្កត់យកដីពីពលរដ្ឋបែបនេះ គឺធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់បន្ថែមថា «គ្មានអ្នកណាមួយដែលព្រមឱ្យគេដើរជាន់ពីលើក្បាលទេ ធម្មតាមនុស្សដែលទទួលការគាបសង្កត់ និងចង់កាត់ផ្តាច់ជីវិតរបស់ពួកគេ ពួកគេច្បាស់ជារើបម្រះតវ៉ាហើយ»។
ក្នុងស្ថានភាពនេះ ក្រុមប្រជាពលរដ្ឋបានសំណូមពរ និងអំពាវនាវដល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន សូមជួយអន្តរាគមន៍លើ ៣ចំណុចសំខាន់ៗរួមមាន៖ ទី១. ស្នើសុំឱ្យក្រុមហ៊ុនផ្អាកសកម្មភាពគ្រឿងចក្រជាបន្ទាន់ ទី២. តម្រូវឱ្យភាគីក្រុមហ៊ុនចុះមកចរចាសំណងដោយផ្ទាល់ជាមួយពលរដ្ឋ និងទី៣. ស្នើសុំឱ្យរាជរដ្ឋាភិបាលជួយកាត់ឆ្វៀលដីអាស្រ័យផលបច្ចុប្បន្ននេះចេញពីគម្រោង ដើម្បីទុកជាដង្ហើមរស់សម្រាប់ពួកគាត់។
ជុំវិញការចោទប្រកាន់ខាងលើ អង្គភាពសារព័ត៌មានយើង បានផ្ញើសារតេឡេក្រាមសុំការបំភ្លឺពីជំនួយការលោកឧកញ៉ា ភឺន ផល្លា ឃើញចូលអាន តែគ្មានការឆ្លើយតប។ ដោយឡែក លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ គិតត្រឹមម៉ោងចុះផ្សាយនេះ គឺមិនទាន់ឃើញលោកចូលមើលសារតេឡេក្រាម ឬមានការឆ្លើយតបណាមួយនៅឡើយទេ។ យ៉ាងណាក៏ដោយ អង្គភាពយើងនៅតែបន្តរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ៕

