(កំពង់ស្ពឺ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងសង្ស័យលួចបើកឱ្យមានការប្រព្រឹត្តអំពើសញ្ចារកម្ម និងផ្តល់ទីតាំងសម្រាប់ពេស្យាចារ នៅស្រុកថ្ពង ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងជួយសង្គ្រោះនារីចំនួន ៧នាក់ ក្នុងនោះមានអនីតិជន ២នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកស្រី វរសេនីយ៍ឯក មួន មល្លិកា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំពីលោកស្រីឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួលផែនការងារ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ។
កម្លាំងជំនាញបានចុះឆែកឆេរអាហារដ្ឋានយីហោ «ម្លប់លាភត្រជាក់ចិត្ត» និងផ្ទះសំណាក់យីហោ «ហេង ហេង» ស្ថិតនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយរកឃើញបន្ទប់សម្រាប់ស្នាក់នៅ និងឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ សុខុម សៀប ភេទស្រី អាយុ ៦០ឆ្នាំ។
ជាមួយគ្នានេះ សមត្ថកិច្ចបានអន្តរាគមន៍ជួយសង្គ្រោះនារីចំនួន ៧នាក់ ដែលមកបម្រើការនៅទីតាំងខាងលើ ក្នុងនោះមានអនីតិជន ២នាក់ ដែលត្រូវបានអូសទាញ និងធានាដោយម្ចាស់ហាងឱ្យមកបម្រើការងារ។
បច្ចុប្បន្ន ម្ចាស់ទីតាំង និងនារីទាំង ៧នាក់ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់៕

