(ខេត្តកណ្តាល) ម្ចាស់ដីបានសម្រេចចិត្តប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ តាមរយៈមេធាវីតំណាង ដើម្បីដាក់លិខិតដាស់តឿនជាលើកទី២ ទៅកាន់លោកឧកញ៉ា លី វុទ្ធី ដែលបច្ចុប្បន្នជាអភិបាលរងខេត្តកណ្តាល និងលោក ឃុន ជា ជុំវិញករណីខកខានមិនព្រមទូទាត់ប្រាក់ថ្លៃទិញដីចំនួនជាង ១២៣ ហិកតា ស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្តាល។
យោងតាមលិខិតដាស់តឿនចេញដោយការិយាល័យមេធាវី ជីសាន់ តំណាងឲ្យលោក គ្រី ប៉េងលេង (ម្ចាស់ដី) បានឱ្យដឹងថា៖
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោក លី វុទ្ធី និងលោក ឃុន ជា បានចុះកិច្ចសន្យាទិញដីពីលោក គ្រី ប៉េងលេង ដែលមានទីតាំងស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ក្នុងទំហំដីសរុបប្រមាណ ១២៣ ហិកតា (៧៣ហិកតា និង ៥០ហិកតា) ក្នុងតម្លៃសរុប ៨១៣,០០០ ដុល្លារអាមេរិក។
ការចោទប្រកាន់ពីការខកខានកាតព្វកិច្ច
ភាគីម្ចាស់ដីបានអះអាងថា ខ្លួនបានបំពេញកាតព្វកិច្ចគ្រប់យ៉ាងតាមកិច្ចសន្យា រួមទាំងការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលចុះហត្ថលេខាដោយអាជ្ញាធរមូលដ្ឋាន និងការបង់ពន្ធជូនរដ្ឋរួចរាល់។ ប៉ុន្តែផ្ទុយទៅវិញ ភាគីអ្នកទិញទាំងពីររូប បានខកខានមិនព្រមបង់ប្រាក់បន្ថែម និងប្រាក់បង្គ្រប់តាមការកំណត់ ទោះបីជាមានការទាក់ទងដាស់តឿនតាមរយៈទូរស័ព្ទ និងតេឡេក្រាមជាច្រើនលើកច្រើនសារក៏ដោយ។
លើសពីនេះ មេធាវីតំណាងបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ភាគីម្ចាស់ដីបានផ្ញើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរតាមរយៈប្រៃសណីយ៍ ប៉ុន្តែត្រូវបានភាគីអ្នកទិញបដិសេធមិនព្រមទទួលយក។
ក្នុងលិខិតដាស់តឿនចុងក្រោយនេះ មេធាវីតំណាងបានដាក់ឱសានវាទចុងក្រោយចំនួន ១៥ថ្ងៃ រាប់ចាប់ពីថ្ងៃទទួលបានលិខិត ដើម្បីឱ្យលោក លី វុទ្ធី និងលោក ឃុន ជា ចូលខ្លួនមកទូទាត់ប្រាក់បង្គ្រប់តាមកិច្ចសន្យា។
ភាគីម្ចាស់ដីបានព្រមានថា ប្រសិនបើដល់កាលកំណត់ហើយនៅតែគ្មានការឆ្លើយតប ឬមិនអនុវត្តកាតព្វកិច្ចទេនោះ ម្ចាស់ដីនឹងសម្រេចចិត្ត «រំលាយកិច្ចសន្យាទិញលក់ដី» ចោលទាំងស្រុង ស្របតាមប្រការដែលបានចែងក្នុងកិច្ចសន្យា។
រហូតមកដល់ពេលនេះ មិនទាន់មានការបកស្រាយបំភ្លឺណាមួយពីលោកឧកញ៉ា លី វុទ្ធី ឬលោក ឃុន ជា ជុំវិញការចោទប្រកាន់នេះនៅឡើយទេ។
អង្គភាពយើងរងចាំរាល់ការបកស្រាយបំភ្លឺពីសំណាក់លោក លី វុទ្ធី ព្រមទាំងអ្នកពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ៕

