(កំពង់ស្ពឺ)៖ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៣៖០៨នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការខាងលើនេះដែរ កម្លាំងជំនាញបានចុះបង្ក្រាបនៅចំណុចផ្ទះខ្ទមដំបូលស័ង្កសីមួយកន្លែង ស្ថិតក្នុងភូមិខ្នុរអំពិល សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង ២នាក់ រួមមាន ឈ្មោះ ម៉ាន សារ៉ស់ ភេទស្រី អាយុ ៤២ឆ្នាំ និងឈ្មោះ កង ដាំង ភេទប្រុស អាយុ ៤៧ឆ្នាំ។
សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៤កញ្ចប់ ទម្ងន់ ១,៣៥ក្រាម និងទូរសព្ទដៃ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

