(តាកែវ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្ដុលជ្រុំ ស្ថិតក្នុងភូមិក្ដុលជ្រុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
ពិធីនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាស្រុក អភិបាល និងអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការថ្នាក់ខេត្ត និងស្រុក អាជ្ញាធរមូលដ្ឋាន លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
អគារសិក្សាថ្មីដែលត្រូវសាងសង់នេះ ត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីមួយក្នុងវិស័យអប់រំនៅស្រុកបូរីជលសារ ដោយនឹងរួមចំណែកលើកកម្ពស់គុណភាពបរិយាកាសសិក្សា បង្កើនភាពងាយស្រួលក្នុងការរៀនសូត្រ និងឆ្លើយតបនឹងតម្រូវការរបស់សិស្សានុសិស្សក្នុងមូលដ្ឋាន។
ថ្នាក់ដឹកនាំបានបង្ហាញក្តីរំពឹងថា សមិទ្ធផលថ្មីនេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅខេត្តតាកែវឱ្យកាន់តែមានគុណភាព៕

