(ភ្នំពេញ)៖ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម និងព្រែកប្រា សម្រេចវឌ្ឍនភាពសាងសង់បាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បន្តតាមដានយ៉ាងជិតស្និទ្ធ ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពនៃគម្រោង។
នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការដ្ឋាន បន្ទាប់ពីគម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរបាយការណ៍វឌ្ឍនភាព គម្រោងសម្រេចបានដូចជា៖ ផ្នែកគ្រឹះស្ពាន ១០០%, រចនាសម្ព័ន្ធក្រោមស្ពាន ១០០%, រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ ១០០%, រចនាសម្ព័ន្ធលើនៃស្ពានមេ ៨៤% និងការសាងសង់បណ្តាញផ្លូវសម្រេចបាន ៥១% ក្នុងនោះផ្លូវតភ្ជាប់ប្រវែង ៨០៤,៣០ម៉ែត្រ និងផ្លូវបង្វែរទិស (Ramp) ប្រវែង ១,៥៤១ម៉ែត្រ សុទ្ធតែសម្រេចបានប្រមាណ ៥០%។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម សួង ហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលអនុវត្តការងារសាងសង់ស្របតាមបទដ្ឋាន និងលក្ខខណ្ឌបច្ចេកទេស ប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំឱ្យអង្គភាពគ្រប់គ្រងគម្រោងបន្តពង្រឹងវិធានការសុវត្ថិភាពការងារ ជាពិសេសក្នុងរដូវវស្សា ដោយបន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីការពារសុវត្ថិភាពអ្នកធ្វើដំណើរតាមផ្លូវទឹក។
លើសពីនេះ ក្រុមការងារត្រូវពិនិត្យ និងកែលម្អផ្ទៃកម្រាលបេតុងឱ្យមានភាពកកិតល្អ ដើម្បីកាត់បន្ថយហានិភ័យរអិល បង្កើនប្រព័ន្ធភ្លើងបំភ្លឺឱ្យមានពន្លឺគ្រប់គ្រាន់ និងសិក្សារៀបចំសួនច្បារនៅរង្វង់មូលសងខាង និងលើស្ពាន ដើម្បីលើកកម្ពស់សោភ័ណភាពនៃសំណង់។
សូមបញ្ជាក់ថា ស្ពានចាក់អង្រែក្រោម-ព្រែកប្រា គឺជាស្ពានទី៧ ដែលឆ្លងកាត់ទន្លេបាសាក់ បន្ទាប់ពីស្ពានចំនួន៦ ដែលបានសាងសង់រួចរួមមាន ស្ពានកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំងពីរ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕

