(តាកែវ)៖ កម្លាំងនគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យជាកម្មកររោងចក្រចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីលួចកាត់ខ្សែភ្លើងនៅក្នុងបរិវេណរោងចក្រ ឌួងទួ ផេភើរ អ៊ិនដាសស្ទ្រី ភែកឃីង ឯ.ក ស្ថិតក្នុងភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥៖១០នាទីទាបភ្លឺ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ជនសង្ស័យទាំងពីរ រួមមាន ឈ្មោះ សារិទ្ធ ចន្ធី អាយុ ២៦ឆ្នាំ និងឈ្មោះ ដាំ ម្នោផៃ ហៅវ៉ិត អាយុ ១៨ឆ្នាំ ដែលជាកម្មកររោងចក្រកើតហេតុ។
តាមការស៊ើបអង្កេត ជនសង្ស័យបានធ្វើសកម្មភាពកាត់ខ្សែភ្លើងសំបកជ័រពណ៌ខ្មៅ មានស្នូលស្ពាន់ ទំហំមុខកាត់ ១x២៤០ មីលីម៉ែត្រការ៉េ ប្រវែងសរុប ២២ម៉ែត្រ ដែលស្ថិតនៅខាងក្រោយបន្ទប់ឡដុតចំហាយទឹក។ សកម្មភាពនេះបានបណ្តាលឱ្យប្រព័ន្ធអគ្គិសនីក្នុងអគាររោងចក្រដាច់ទាំងស្រុង។ បន្ទាប់ពីកាត់បានរួច ជនសង្ស័យបានបោះកំណាត់ខ្សែភ្លើងរំលងរបងទៅខាងក្រៅ ហើយក្រោយចេញពីធ្វើការ បានត្រឡប់មកយក និងគេចខ្លួន។
ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីដោយ លោកស្រី ម៉េង សុខឃីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី កម្លាំងនគរបាលយុត្តិធម៌បានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

