(កណ្តាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូ អមដំណើរដោយលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោកអធិការ និងលោក លោកស្រីអធិការរង ចុះត្រួតពិនិត្យការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសចុះពិនិត្យនេះ លោកស្នងការ បានណែនាំឱ្យគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តយកចិត្តទុកដាក់ខ្ពស់លើការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងការអនុវត្តការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកស្នងការក៏បានជំរុញឱ្យថ្នាក់ដឹកនាំប៉ុស្តិ៍ យកចិត្តទុកដាក់លើការរៀបចំកន្លែងស្នាក់នៅរបស់កងកម្លាំង ផ្ទះបាយ បន្ទប់ទឹក និងបរិស្ថានអនាម័យ ឱ្យមានសណ្តាប់ធ្នាប់ និងស្អាតជានិច្ច។
នារសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលទាំងអស់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយបានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗ ព្រមទាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។
លោកស្នងការ ក៏បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ឱ្យបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនដល់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងក្នុងការបំពេញភារកិច្ចបន្តទៀត៕

