(ព្រះសីហនុ)៖ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៧នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
នៅវេលាម៉ោង ៣៖០០នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញ ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពី លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន ៧នាក់ រួមមាន ជនជាតិចិន ៦នាក់ និងជនជាតិចិនតៃវ៉ាន់ ១នាក់ ទៅតុលាការ។
ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងមួយ ជាផ្ទះវីឡា ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលសង្ស័យប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន៖ កុំព្យូទ័រយួរដៃ ៥គ្រឿង, ទូរសព្ទដៃសម្រាប់ប្រតិបត្តិការអនឡាញ ៦៩០គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ១០គ្រឿង, ដុំ Wi-Fi ៣គ្រឿង, ស៊ីមកាត និងខ្សែភ្ជាប់មួយចំនួន, ដុំភ្លើង ១គ្រឿង, ម៉ូតូអាគុយ ១គ្រឿង ម៉ាក TACT ពណ៌ខ្មៅ គ្មានស្លាកលេខ ព្រមទាំងលិខិតឆ្លងដែន ៦ក្បាល, សៀវភៅការងារជនបរទេស ១២ក្បាល, កាតធនាគារ ៥សន្លឹក, កិច្ចសន្យា ១ច្បាប់, បណ្ណចេញចូលហុងកុង-ម៉ាកាវ ២សន្លឹក, បណ្ណបើកបរជនជាតិចិន ១សន្លឹក, អត្តសញ្ញាណបណ្ណជនជាតិចិន ១សន្លឹក, បណ្ណប្រជាពលរដ្ឋ ១សន្លឹក និងគ្រឿងអលង្ការលោហធាតុពណ៌សមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

