(កណ្តាល)៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជុំវិញករណីរូបភាពម៉ូតូ ១គ្រឿង បំពាក់ផ្លាកលេខ នគរបាល 1A-1990 ក្លែងបន្លំ ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម រួមជាមួយស្លាកសរសេរថា «រត់ម៉ូតូឌុប តម្លៃសមរម្យអោយប៉ុន្មានយកប៉ុណ្ណឹង» បង្កឱ្យសាធារណជនមានការភាន់ច្រឡំ។
ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញព្រហ្មទណ្ឌបើកការស្រាវជ្រាវភ្លាមៗ។
លទ្ធផលស្រាវជ្រាវបានបញ្ជាក់ថា ផ្លាកលេខ នគរបាល 1A-1990 ជាស្លាកលេខផ្លូវការរបស់ម៉ូតូអគ្គិសនី ដែលជាកម្មសិទ្ធិរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មិនមែនជាស្លាកលេខរបស់ម៉ូតូដែលបង្ហាញក្នុងរូបភាពនោះទេ។
តាមការបំភ្លឺរបស់ស្ត្រីឈ្មោះ ចាន់ ណារុន អាយុ ៤១ឆ្នាំ មានទីលំនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ បានឱ្យដឹងថា គាត់បានទិញម៉ូតូ ១គ្រឿង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដែលមានផ្លាកលេខស៊ីវិល 1LT-4435 ក្នុងតម្លៃ ៧០០ដុល្លារ។ ក្រោយមក គាត់បានទិញផ្លាកលេខនគរបាលក្លែងបន្លំ 1A-1990 ពីបុគ្គលម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ ក្នុងតម្លៃ ១២០,០០០រៀល ហើយយកមកបំពាក់ជំនួសផ្លាកលេខដើម ដោយអះអាងថា «ដោយសារតែស្រឡាញ់»។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមការផ្តល់ព័ត៌មានពីសមាជិកគ្រួសារ ស្ត្រីរូបនេះមានបញ្ហាសតិស្មារតី។
ចំពោះវិធានការ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងដកហូតស្លាកលេខក្លែងបន្លំ មិនអនុញ្ញាតឱ្យបំពាក់ប្រើប្រាស់បន្តទៀតឡើយ មុនអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅឋានវិញ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានអំពាវនាវដល់សាធារណជនកុំមានការភាន់ច្រឡំចំពោះព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម និងសូមទទួលយកព័ត៌មានផ្លូវការពីសមត្ថកិច្ចជាផ្លូវការ៕

