(តាកែវ)៖ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរឃុំ មេភូមិ និងកម្លាំងប្រជាការពារ បន្តអនុវត្តយុទ្ធនាការបំភ្លឺផ្លូវសាធារណៈ ដោយដំឡើងបង្គោលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ (Solar) ចំនួន ២២ដើមបន្ថែម នៅក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ការដំឡើងបង្គោលភ្លើងសូឡានេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ក្នុងគោលបំណងពង្រីកប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងរួមចំណែកពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព»។
ក្រៅពីការលើកកម្ពស់សុវត្ថិភាព ការដំឡើងភ្លើងបំភ្លឺសូឡាក៏រួមចំណែកលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ និងបរិស្ថានក្នុងមូលដ្ឋាន ព្រមទាំងជំរុញការប្រើប្រាស់ថាមពលស្អាត ដែលជួយកាត់បន្ថយការចំណាយលើអគ្គិសនី និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនោះ លោក សាយ វណ្ណៈ បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន មេភូមិ និងកម្លាំងប្រជាការពារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម លះបង់ពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការអនុវត្តការងាររហូតទទួលបានលទ្ធផលល្អ ដើម្បីបម្រើផលប្រយោជន៍រួម និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៕
ដោយ៖ Vuthy MC

