(កណ្តាល)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកណ្តាល បានបង្ក្រាប និងឃាត់រថយន្ត ១គ្រឿង ដែលលួចដឹកជញ្ជូនឱសថ (ថ្នាំពេទ្យ) គ្មានច្បាប់អនុញ្ញាត និងមិនបានចុះបញ្ជីត្រឹមត្រូវ ដោយរឹបអូសបានថ្នាំពេទ្យចំនួន ៤៥កេសធំ ស្មើនឹង ១២០មុខ ឬ ២៣,៤០០ប្រអប់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ០០៖១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៦A ត្រង់ចំណុចគីឡូម៉ែត្រលេខ២៣ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
ការបង្ក្រាបខាងលើនេះ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០០៖១៥នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាល ដឹកនាំដោយលោក កូ តាត ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល បានឃាត់រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359 ដែលបើកបរដោយឈ្មោះ ភាព ស្រី ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ក្រោយការត្រួតពិនិត្យពីមន្ត្រីជំនាញនិយ័តកម្មសុខាភិបាល បានរកឃើញថា ថ្នាំពេទ្យទាំង ៤៥កេសធំ ដែលមានចំនួន ១២០មុខ សរុប ២៣,៤០០ប្រអប់ ពុំមានច្បាប់អនុញ្ញាត និងមិនបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ឡើយ។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាល ខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

