ផ្លូវខេត្តលេខ១៤៨ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ព្រមទាំងលើកកម្ពស់ការតភ្ជាប់នៅតំបន់ភាគនិរតីឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទៅកាន់តំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា ផ្លូវខេត្តលេខ១៤៨ ឬ «តីរវិថីសម្តេចតេជោ ហ៊ុន សែន» មានប្រវែងសរុបប្រមាណ ២២,៣៤គីឡូម៉ែត្រ តភ្ជាប់ពីស្រុកស្ទឹងហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ផ្លូវនេះត្រូវបានសាងសង់ដោយក្រាលបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ។ គម្រោងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
ការដាក់ឱ្យប្រើប្រាស់ផ្លូវខេត្តលេខ១៤៨ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន កាត់បន្ថយពេលវេលាធ្វើដំណើរ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ និងតំបន់ជាប់ពាក់ព័ន្ធ៕

