(តាកែវ)៖ កម្លាំងជំនាញសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីជំនាញសាខា ក.ប.ប. ខេត្ត បានធ្វើការបង្រ្កាប និងពិនិត្យលើករណីឃាត់រថយន្តដឹកទំនិញគ្មានច្បាប់អនុញ្ញាត ០១គ្រឿង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លួចដឹកប្រហិតសាច់ក្ដាម ចំនួន ៤១៦កេស ស្មើនឹង ៤១៦០គីឡូក្រាម ពិនិត្យរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ (ប៉ូរ៉ាក់) លួចនាំចូលពីប្រទេសវៀតណាម តាមភូមិជ្រោយពេន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ យកមកដុតបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៥ ខែមិថុនា។
យោងតាមការលើកឡើងរបស់លោក លៀង សុភា ប្រធានសាខា ក.ប.ប. ខេត្តតាកែវ បានឱ្យដឹងថា សារធាតុគីមីហាមឃាត់ (ប៉ូរ៉ាក់) នេះគឺមានផលប៉ះពាល់ អាចបង្កឱ្យមានជំងឺរបកស្បែក ប្រគ្រីវកាច់ ខ្សោយតម្រងនោមដែលអាចនាំឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ឈឺសន្លាក់ និងឆ្អឹង ប៉ះពាល់ដល់ប្រព័ន្ធក្រពះ ពោះវៀន ចង្វាក់ដង្ហើមថយចុះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង ខូចថ្លើម និងប្រព័ន្ធប្រសាទ៕

