(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០៖៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល, អធិការដ្ឋាននគរបាលខណ្ឌសែនសុខ, អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ឆាយ ហុង សាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តដោយផ្ទាល់ពីលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន (សម្លាប់ជនរងគ្រោះយកសាកសពដាក់ក្នុងរថយន្តយកទៅប្លុងចោល) ស្ថិតនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន ០៤នាក់ រួមមាន៖
ទី១.ឈ្មោះ ZHOU JIAN HONG (ចូវ ជៀនហុង) ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ
ទី២.ឈ្មោះ ZHAO FENG QUAN (ចូវ ជាំងហុង) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ
ទី៣.ឈ្មោះ HAN DE DONG (ហាន ដឺដុង) ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ
ទី៤.ឈ្មោះ MA RONG GUI (ម៉ា រ៉ុងគុយ) ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិចិន មុខរបរម្ចាស់កការ៉ាសរថយន្ត។
ជនរងគ្រោះឈ្មោះ YANG WEIXIN (យ៉ាង វ៉ីស៊ីន) ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ (ស្លាប់)។
វត្ថុតាងចាប់យក រួមមាន៖ ទូរសព្ទ iPhone ចំនួន ០៤គ្រឿង, រថយន្តចំនួន ០២គ្រឿង, រថយន្តម៉ាក TOYOTA LAND CRUISER ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2AI-3068 និងរថយន្តម៉ាក TOYOTA RRIUS សេរីឆ្នាំ២០១២ ពណ៌ស ពាក់ផ្លាកលេខ 2BH-1311 (ជារថយន្តដឹកសាកសពយកទៅផ្លុងចោល), ម៉ូតូម៉ាកស្មាស់ ពណ៌ក្រហមខ្មៅ ពាក់ផ្លាកលេខ 1CE-0447, លិខិតឆ្លងដែនចំនួន០២។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

