(តាកែវ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖២០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការចុះល្បាតតាមភូមិសាស្ត្រសំខាន់ៗ។
លុះមកដល់ចំណុចភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានជួបមុខសញ្ញាគួរឱ្យសង្ស័យចំនួន ០១នាក់ ហើយបានហៅមកធ្វើការឆែកឆេរ ជាក់ស្ដែងកម្លាំងបានរកឃើញម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន ២៧កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យមានឈ្មោះ សារ៉ាន់ នីន ហៅ តូវឡូវ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិក្រាំងពោធិ៍ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ដកហូតវត្ថុតាង ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ២៧កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន (ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

