(ខេត្តកំពង់ច៊ស្ពឺ)សិប្បកម្មស្ងោរ និងកែច្នៃផលិតអំបិលអ៊ីយ៉ូដយីហោ យ៉ែម យ៉ា និង ខែម ពុទ្ធថៃ ស្ថិតក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញថាបានប្រើប្រាស់កំទេចក្រណាត់ដុតឡជំនួសការប្រើអុស ដើម្បីស្ងោរកែច្នៃអំបិលលក់ចែកចាយទៅកាន់ទីផ្សារនានាក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះបាន និងកំពុងបង្កផលប៉ះពាល់ដល់បរិស្ថាន និងអនាម័យម្ហូបអាហារយ៉ាងខ្លាំង ខណៈលោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី ក៏បានទទួលស្គាល់ថាពិតជាមានករណីនេះប្រាកដមែន។

យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើបានប្រាប់អង្គភាពយើងថា សិប្បកម្មកែច្នៃអំបិលទាំង ៣ទីតាំង (ដោយ ១ទីតាំង ជារបស់ឈ្មោះ ខែម ពុទ្ធថៃ និង ២ទីតាំង ទៀតជារបស់ឈ្មោះ យ៉ែម យ៉ា) ដែលគេមិនដឹងថាមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញឬយ៉ាងណានោះទេ បាន និងកំពុងធ្វើការកែច្នៃដែលហាក់មិនមានអនាម័យត្រឹមត្រូវ ដោយបានប្រើប្រាស់កំទេចក្រណាត់ជំនួសឱ្យអុសក្នុងការដុតឡស្ងោរអំបិល ធ្វើឱ្យហុយផ្សែង និងធំក្លិនឈ្ងៀមប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ និងបង្កក្តីបារម្ភពីសុខភាពអ្នកបរិភោគ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំងផ្ទាល់ ដើម្បីផ្តិតយករូបភាពជាក់ស្តែង។ ទោះបីជាមានការហាមឃាត់ការថតរូបពីសំណាក់មេការនៅទីនោះយ៉ាងណាក្តី ប៉ុន្តែដោយអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្រុមការងារបានព្យាយាមសុំកិច្ចសម្ភាសន៍ផ្ទាល់មាត់ខ្លះៗពីសំណាក់មេការ និងអ្នកបម្រើការងារនៅទីនោះផងដែរ។

ជុំវិញការលើកឡើងនេះ ក្រុមការងារយើងក៏បានធ្វើការទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់សិប្បកម្មទាំង ២នាក់ តាមរយៈទូរស័ព្ទផងដែរ ដោយពួកគាត់បានអះអាងថា ទីតាំងរបស់ពួកគាត់គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ប៉ុន្តែទោះជាយ៉ាងណា ករណីនេះនៅតែជាមន្ទិលសង្ស័យថា តើច្បាប់ដែលម្ចាស់សិប្បកម្មអះអាងនោះមានអ្វីខ្លះ? តើមាន ច្បាប់អនុញ្ញាតបង្កើតសិប្បកម្ម ពីមន្ទីរឧស្សាហកម្មដែរឬទេ? តើមាន លិខិតអនុញ្ញាតពីមន្ទីរបរិស្ថាន ពាក់ព័ន្ធការគ្រប់គ្រងសំណល់ និងការបំភាយផ្សែងដែរឬទេ? និងជាពិសេស តើបាន ចុះបញ្ជីពន្ធដារ (ប៉ាតង់) ត្រឹមត្រូវស្របតាមច្បាប់ហើយឬនៅ? ព្រោះបើមានត្រឹមតែច្បាប់អនុញ្ញាតសិប្បកម្ម ឬពាណិជ្ជកម្មធម្មតា ដោយមិនបានបំពេញកាតព្វកិច្ចពន្ធដារត្រឹមត្រូវនោះទេ វានឹងធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិ។

អ្វីដែលជាក្ដីបារម្ភបំផុតនោះគឺ «គុណភាពអំបិល» ដែលកំពុងចរាចរណ៍លក់នៅលើទីផ្សាររាល់ថ្ងៃ។ ប្រសិនបើពិតជាមានការដុតកំទេចក្រណាត់មែន តើគុណភាពអំបិលទាំងនោះនឹងមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរកម្រិតណា? ព្រោះការដុតក្រណាត់ (ដែលសម្បូរដោយសារធាតុប្លាស្ទិក និងជាតិគីមី) នឹងបង្កជាផ្សែងពុលហោះទៅតោងជាប់ ឬរលាយចូលក្នុងអំបិលដែលកំពុងស្ងោរមិនខាន។ នេះជាចំណុចហានិភ័យសុខភាពដែលមន្ត្រីជំនាញមិនគួរមើលរំលង។

ពាក់ព័ន្ធនឹងករណីនេះ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បានឆ្លើយតបតាមរយៈប្រព័ន្ធតេឡេក្រាម ដោយទទួលស្គាល់ថា ពិតជាមានការដុតអុសលាយជាមួយក្រណាត់ពិតមែន។ លោកបានបញ្ជាក់ថា នេះជាសិប្បកម្មក្នុងស្រុក ដោយកាលពីដំបូងឡើយពួកគាត់ប្រើប្រាស់អុស និងអង្កាមប៉ុណ្ណោះ ប៉ុន្តែដោយសារមានការខ្វះខាតអុស ទើបពួកគាត់លាយជាមួយក្រណាត់បែបនេះ។ លោកបន្ថែមថា លោកធ្លាប់បានចាត់ក្រុមការងារស្រុកចុះពិនិត្យណែនាំរួចមកហើយ ហើយពេលនេះស្រុកបានឱ្យចុះណែនាំឡើងវិញម្តងទៀត តែបើម្ចាស់សិប្បកម្មនៅតែបន្តធ្វើបែបនេះទៀត រដ្ឋបាលស្រុកនឹងសុំគោលការណ៍ទៅមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការតាមច្បាប់។

ដោយឡែក លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អង្គភាពយើងបានព្យាយាមទំនាក់ទំនងតាមរយៈទូរសព្ទដើម្បីសុំការបំភ្លឺ លោកបានទទួល និងប្រាប់ថាជាប់រវល់ប្រជុំ ដោយឱ្យផ្ញើទីតាំង (Location) តាមតេឡេក្រាម ដើម្បីលោកចាត់ក្រុមការងារចុះពិនិត្យ។ ទោះជាយ៉ាងណា បន្ទាប់ពីក្រុមការងារបានផ្ញើទីតាំងរួច លោកបានចូលមើល ប៉ុន្តែមិនទាន់មានការឆ្លើយតបលទ្ធផលអ្វីមកវិញនៅឡើយទេ។

ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, សាខាពន្ធដារខេត្ត, និង សាខា ក.ប.ប ខេត្តកំពង់ស្ពឺ មេត្តាចុះពិនិត្យការអនុវត្តច្បាប់ និងលក្ខខណ្ឌបច្ចេកទេសក្នុងការផលិត ដើម្បីធានាបាននូវគុណភាព សុវត្ថិភាពចំណីអាហារជូនអ្នកប្រើប្រាស់ និងកុំឱ្យបាត់បង់ចំណូលថវិកាជាតិ៕

By Kaim Vandy

គេហទំព័រ សេរីភាព ចក្រវាល ញូស៍ សូមស្វាគមន៍!

Leave a Reply

Your email address will not be published. Required fields are marked *

You missed