(ក្រុងតាខ្មៅ/ខេត្តកណ្តាល) នៅថ្ងៃទី១១ មករា ២០២៦ មានប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានយេីង ថាទីតាំងឃ្លាំងស្តុងនិងកែឆ្នៃស្បែកគោ នៅចំណុចស្ពានលេខ៧ ក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងបានជះក្លិនស្អុយ ប៉ះពាល់បរិស្ថានជាខ្លាំង ហេីយឃ្លាំងមួយកន្លែងនេះ បានយកស្បែកគោស្រស់មកកែឆ្នៃដេីម្បីនាំចេញ តែមិនដឹងថាមានច្បាប់ទម្លាប់បែបណានោះទេ ព្រោះមិនដែលឃើញមានជំនាញបរិស្ថានឬបសុសត្វចុះមកពិនិត្យនោះទេ។ ប្រជាពលរដ្ឋបានបន្តថាកន្លងមក ឃ្លាំងកែឆ្នៃស្បែកគោមួយកន្លែងនេះ ធ្លាប់បានបង្ហូរទឹកកខ្វក់មានក្លិនស្អុយដែលសល់ពីការលាងសម្អាតស្បែកគោចូលទៅក្នុងព្រែក តែបន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ ពេលនេះឃ្លាំងខាងលេីបានធ្វេីអាងស្តុក ប៉ុន្តែក៏នៅតែជះក្លិនស្អុយចេញមកដដែល គ្រាន់តែកាត់បន្ថយជាងមុនបន្តិចតែប៉ុណ្ណោះ។
ពាក់ព័ន្ធបញ្ហាដែលប្រជាពលរដ្ឋបានរាយការណ៍ខាងលើ នៅរសៀលថ្ងៃទី១១ មករា ២០២៦ អង្គភាពរបស់យេីងក៏បានទំនាក់ទំនងទៅលោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល តាមរយៈប្រព័ន្ធទំនាក់ទំនង WhatsApp លោកបានចូលមេីល តែមិនបានឆ្លេីយនឹងសំនួររបស់អ្នកសារព័ត៌មានយេីងឡេីយ។
ចំណែកលោក អ៊ុច សុវណ្ណ ប្រធានមន្ទីរបសុសត្វខេត្តកណ្តាល បានឆ្លេីយតបមកអ្នកសារព័ត៌យេីងយ៉ាងខ្លីតាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាមថា បាទបង “កន្លែងស្តុកស្បែកគោហ្នឹងមានច្បាប់បង មានច្បាប់” នៅពេលអ្នកសារព័ត៌មានយេីងស្នេីរសុំមេីលលិខិតដែលមន្ទីរបានអនុញ្ញាតច្បាប់ លោកបានប្រាប់ថា ឲ្យមកមន្ទីររបស់លោកមក។
ទោះជាមានការបកស្រាយឬមិនមានការបកស្រាយពីសំណាក់មន្រ្តីជំនាញ តាមមន្ទីរពាក់ព័ន្ធយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែទទូចសូមឲ្យឯកឧត្តមអភិបាលខេត្តកណ្តាល សូមមេត្តាជួយចាត់ជំនាញថ្នាក់ខេត្តឲ្យចុះមកពិនិត្យលក្ខណៈបច្ចេកទេសនិងបរិស្ថាន នៅចំណុចឃ្លាំងស្តុកស្បែកគោមួយកន្លែងនេះផង ព្រោះបង្កក្លិនអសោចប៉ះពាល់ដល់ប្រជាពលរដ្ឋខ្លាំងណាស់ទាន៕


ដោយ : សេរីភាព ចក្រវាល ញូស៍
