(ខេត្តកណ្តាល) បទល្មើសនេសាទដ៏ធំមហិមានេះបានកើតមានជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០២៥នេះ ក្រុមឈ្មួញជនជាតិវៀតណាមបានធ្វើសកម្មភាពចាប់តាំងពីក្នុងអំឡុងរដូវបិទនេសាទរហូតដល់ពេលនេះ តែមិនត្រូវបានបង្ក្រាបនោះទេ នេះបេីតាមការបញ្ជាក់ប្រាប់ពីសំណាក់ប្រជាពលរដ្ឋ ហេីយនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅយកព័ត៌មាន ហេីយក៏បានជិះទូកទៅផ្តិតយករូបភាពដោយផ្ទាល់ បានឃេីញជាក់ស្តែងតែម្តង។
សហគមន៍មច្ឆារជាតិសណ្តារ អតីតដែនឡូតិ៍នេសាទលេខ.១១ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល បានលក់បឹង.ស្លាបឆ្វេង ស្លាបស្តាំ ខាងមុខរបាំងធ្នួសឡូតិ៍ធំរាប់ពាន់ម៉ែត្រ ឲ្យទៅជនជាតិវៀតណាម ដាក់របាំងស្បៃមុងកាច់ឡុក.ចាប់ត្រីតូចធំរាប់តោនក្នុងមួយថ្ងៃៗ.លក់ចូលទៅប្រទេសវៀតណាម។
ប្រជាពលរដ្ឌមានចម្ងល់ថាតើប្រធានសហគមន៍លេខ១១ ធ្វើដូច្នេះត្រឹមត្រូវដែរឬទេ ក្នុងនាមសហគមន៍ ជាអ្នកបង្រ្កាបនិងទប់ស្កាត់បទល្មើសនេសាទ បែរជាមកបង្កើតបទល្មើសយ៉ាងដូច្នេះទៅវិញ ក្នុងករណីនេះអាជ្ញាធរនិងជលផលខេត្តកណ្តាល គួរមានចំណាត់ការយ៉ាងណាដែរ?
ប្រជានេសាទខ្មែរជាច្រើនបានប្រាប់ មកអង្គភាពសារព័ត៌មានយើង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថាសំណាញ់ស្បៃមុងក្រឡាញឹក គឺជនជាតិវៀតណាម បានដាក់ទទឹងព្រែកជាច្រើនកន្លែង មានស្លាបឆ្វេង ស្លាបស្តាំ ខាងមុខរបាំងធ្នួសឡូតិ៍ធំរាប់ពាន់ម៉ែត្រ ក្នុងតំបន់អភិរក្សសហគមន៍នេសាទការពារមច្ឆាជាតិសណ្តារ។
បច្ចុប្បន្នក្រុមឈ្មួញជនជាតិវៀតណាម កំពុងធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសយ៉ាងគគ្រឹកគគ្រេងដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធសោះឡើយ ចំណែកប្រជាពលរដ្ឋខ្មែរវិញ មិនដែលបានត្រីយកមកធ្វើប្រហុកធ្វើផ្អកនោះទេ ដោយសារតែខាងសហគមន៍និងជំនាញជលផល តែងតែចុះបង្ក្រាបខ្មែរគ្នាឯង ដែលធ្វេីការនេសាទបន្តិចបន្តួច តែមិនបានបង្ក្រាបលើក្រុមជនជាតិវៀតណាម និងបក្ខពួកក្រុមសហគមន៍ឡើយ។
ពាក់ព័ន្ធនិងសហគមន៍នេសាទការពារមច្ឆាជាតិសណ្តារនេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងថា បង្កើតច្បាប់មក តែអង្គុយលើច្បាប់ បង្រ្កាបទៅលើប្រជាពលរដ្ឋខ្មែរក្រីក្រ តែបែរជាបង្កើតបទល្មើសដោយខ្លួនឯង ដើម្បីប្រយោជន៍ខ្លួននិងបក្ខពួករបស់ខ្លួន។ ប្រជាពលរដ្ឋពិតជាមានការឈឺចាប់ខ្លាំងណាស់ តែមិនអាចធ្វើអ្វីបានចំពោះសហគមន៍នេះឡើយ ក្រុមសហគមន៍ទាំងអស់នោះបានប្រមូលយកផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើមានធ្វើបានតែក្រុមបក្ខពួកខ្លួន ទុកឲ្យប្រជានេសាទខ្មែរក្រីក្រ រស់នៅយ៉ាងលំបាក រកតែត្រីធ្វើប្រហុកធ្វេីផ្អកសឹងមិនបានផង។
ពាក់ព័ន្ធបញ្ហាបទល្មើសខាងលើ អង្គភាពយេីងបានទំនាក់ទំនងសួរទៅលោក ហេង សុភារិទ្ធ នាយខណ្ឌជលផលខេត្តកណ្តាល តាមរយៈលេខតេឡេក្រាម 078 939389 លោកបានចូលមេីល តែមិនបានឆ្លើយតប ហេីយថែមទាំងលុបសារនិងរូបភាពចោលថែមទៀតផង ចុងក្រោយលោកឆ្លេីយយ៉ាងខ្លីតែពីម៉ាត់ “ខុសប្តឹង”។
ពាក់ព័ន្ធបញ្ហាខាងលេីនេះផងដែរ ប្រជានេសាទខ្មែរ ក៏សូមសំណូមពរទៅ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមឯកឧត្តមមេត្តាជួយពិនិត្យបញ្ហាដែលប្រជាពលរដ្ឋបានលេីកឡេីងដូចខាងលេីនេះផង៕

