(ស្រុកស្អាង/ខេត្តកណ្តាល)
ប្រជាពលរដ្ឋបានរាយការណ៍មក អង្គភាពសារព័ត៌មានយើងឲ្យដឹងថា គិតចាប់តាំងពីរដូវប្រកាសបិទនេសាទ រហូតបេីកឲ្យនេសាទ ពួកគាត់សង្កេតឃើញ នៅចំណុចបឹងចុងព្រែកចិន.ចុងព្រែកតាអុក.ចុងព្រែករាំង និងបឹងខ្ពស់ ព្រមទាំងទីតាំងជាច្រើនទៀត ក្នុងមូលដ្ឋានស្រុកស្អាង មានបទល្មើសនេសាទ ច្រើនស្អេកស្កះពេញផ្ទៃបឹង សឹងតែរកផ្លូវបើកទូក ទៅមុខមិនរួចទេ។
ពួកគាត់បន្តថាបទល្មើសទាំងនោះកើតមានតាំងតែពីរមុនខែតុលាមកម្ល៉េះ គឺក្នុងរដូវបិទការនេសាទរហូតមកដល់បច្ចុប្បន្ននេះ មិនដែលឃើញមានមន្រ្តីជលផលស្រុកស្អាង និងខេត្តកណ្តាល ណាចុះធ្វើការបង្រ្កាប នោះឡើយ។
បទល្មើសនេសាទទាំងនោះរួមមានដូចជា សកម្មភាពឆក់ត្រី: ឆក់ក្តៅនិងឆក់ត្រជាក់ តាមព្រែកចិននិងក្នុងបឹង មានការដាក់ដាយត្រី ចំនួន៤ ទៅ៥ទីតាំង នៅតាមព្រែកចិន ព្រែកតាអុក និងព្រែករាំង។ ក្រៅពីនោះ នៅមានការដាក់សៃយុឺនស្បៃមុង.ឡុកកន្ទុយកណ្តុរ.លបនរក.លបរត់របាំងសាច់អួនក្រឡាញឹក.រង្វើល និងស្បៃមុងច្រើនពាសពេញបឹង តែម្តង។
ប្រជាពលរដ្ឋខាងលើបានលួចខ្សឹបប្រាប់ទៀតថា នៅចំណុចចុងព្រែកចិន មានមេខ្លោងអ្នកដាក់បទល្មើសឈ្មោះ.ណាត ឈ្មោះ.ម៉ែន និងឈ្មោះ.ចែសុខលី ជាអ្នករត់ការចាត់ចែងឲ្យប្រេងសាំង កាហ្វេ គុយទាវ ទៅមន្ត្រីជលផល។ ចំណែក ចែសុខលី វិញបានប្រាប់អ្នកយកព័ត៌មានយើង នៅព្រឹកថ្ងៃទី៥ ខែវិចិ្ឆការ ឆ្នាំ២០២៥នេះ តាមរយៈទូស័ព្ទថា គាត់ពិតជាបានឲ្យលុយប្រេងសាំងទៅឈ្មោះ.ផល្លី និងឈ្មោះ.ធី ជាមន្រ្តីជលផល រួមទាំងអ្នកកាសែតទៀតផង។
ពាក់ព័ន្ធកណីនេះថា មានការទទួលលុយពីក្រុមឈ្មួញនេសាទខុសច្បាប់ លោក សុិន ផល្លី នាយសង្កាត់រដ្ធបាលជលផលស្រុកស្អាង បានធ្វើការបដិសេធចោលទាំងស្រុង ថាមិនមានការពាក់ព័ន្ធក្នុងរឿងយកលុយកាក់នេះទេ មិនដឹងផល្លីណាឡើយ។
បើទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ធបានស្នើសុំអោយ លោក ងួន ទ្រី នាយផ្នែករដ្ឋបាលជលផលបាសាក់ និងលោក ហេង សុភារិទ្ធ ដែលជានាយខ័ណ្ឌរដ្ឋបាល.កណ្តាល និងអាជ្ញាធរដែនដី មេត្តាជួយមានវិធានការចុះបង្ក្រាបផងទាន កុំអង្គុយពាក់ក្រវ៉ាត់ករនៅតែក្នុងប៊ុយរ៉ូពេក បើមិនបង្រ្កាបបទល្មើសទាំងនោះទេ មច្ឆាជាតិ ពិតជារលាយហិនហោច អស់ជាក់ជាមិនខានឡេីយ៕






