(ភ្នំពេញ)៖ រថយន្តកុងតឺន័រ ១គ្រឿង ត្រូវបានរថភ្លើងបុករុញជាច្រើនម៉ែត្រ ខណៈអ្នកបើកបរបើកឆ្លងកាត់ផ្លូវដែកដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យរថយន្ត និងរថភ្លើងរងការខូចខាត ប៉ុន្តែមិនបង្កឱ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៣៖០៥នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តដែលជួបគ្រោះថ្នាក់ ម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3B-8222 សណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ កំពង់ស្ពឺ 4A-0025។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកុងតឺន័របានបើកពីទិសត្បូងទៅជើង ដើម្បីឆ្លងកាត់ផ្លូវដែក។ ខណៈនោះ ស្រាប់តែមានរថភ្លើងអូសទូកុងតឺន័រដឹកទំនិញ បើកពីទិសលិចទៅកើត បានបុករថយន្ត និងរុញជាច្រើនម៉ែត្រ បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ ខណៈរថភ្លើងក៏រងការខូចខាត និងមានកង់ធ្លាក់ចេញពីរ៉ៃផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌ រួមជាមួយតំណាងខាងរថភ្លើង បានចុះពិនិត្យទីតាំងហេតុការណ៍ ដោយរថយន្តកុងតឺន័រ ត្រូវបានប្រគល់ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរក្សាទុក និងរង់ចាំការដោះស្រាយតាមនីតិវិធី។ ចំណែករថភ្លើង ដែលមានកង់ធ្លាក់ចេញពីរ៉ៃ ត្រូវបានក្រុមបច្ចេកទេសចុះអន្តរាគមន៍ លើកក្បាលរថភ្លើងដាក់លើរ៉ៃវិញ ដើម្បីអាចដំណើរការបានជាធម្មតា៕




