(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកសំពៅលូន បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយលួចយកម៉ាស៊ីនភ្លើងរបស់ប្រជាពលរដ្ឋ នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សេង វុធ អាយុ ៣៤ឆ្នាំ ដែលបានបាត់ម៉ាស៊ីនភ្លើង ១គ្រឿង ម៉ាក HT-7800T ពណ៌ក្រហម កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ខណៈម្ចាស់មិននៅផ្ទះ។
ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមមាន៖ ទី១-ឈ្មោះ បុន ភិរួន ហៅ រុន ភេទប្រុស អាយុ ៣២ឆ្នាំ និងទី២-ឈ្មោះ ជិន សារ៉ាក់ ភេទប្រុស អាយុ ៤៧ឆ្នាំ ទាំងពីរនាក់មានទីលំនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ ម៉ាស៊ីនភ្លើង ១គ្រឿង ម៉ាក HT-7800T ពណ៌ក្រហម ដែលជារបស់ជនរងគ្រោះ ឈើជ្រុងប្រវែង ១១៧សង់ទីម៉ែត្រ សម្រាប់ធ្វើសកម្មភាពគាស់ទម្លុះទម្លាយ និងមធ្យោបាយដែលជនសង្ស័យប្រើប្រាស់ក្នុងការធ្វើសកម្មភាព។
តាមចម្លើយសារភាព ជនសង្ស័យបានអះអាងថា ពួកគេបានទាញហែកក្តារជញ្ជាំងឈើ និងប្រើឈើជ្រុងគាស់ជញ្ជាំងរោង រួចលូនចូលលួចយកម៉ាស៊ីនភ្លើង ដាក់លើម៉ូតូកង់បី រួចគេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈម៉ាស៊ីនភ្លើងដែលដកហូតបាន ត្រូវប្រគល់ជូនម្ចាស់ដើមវិញ៕




