(បន្ទាយមានជ័យ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់ជនជាតិថៃដូចគ្នា នៅក្រុងប៉ោយប៉ែត ក្រោយធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនបានដោយជោគជ័យ។
ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣៖១៧នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយបានកើតឡើងនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានឱ្យដឹងទៀតថា ជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូម៉ាក Honda PCX ពណ៌ស ប្រើអាវុធខ្លីបាញ់ប្រហារទៅលើជនរងគ្រោះឈ្មោះ JUSUWAN THONGCHAI (ជូស៊ូវ៉ាន់ ថុងឆៃ) ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិថៃ ខណៈកំពុងជិះម៉ូតូ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។
ក្រោយកើតហេតុ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។
លុះនៅវេលាម៉ោង ៦៖២០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ Porawat Thong Hmon (ផូរ៉ាវ៉ាត់ ថុងមន) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតអាវុធខ្លីចំនួន ២ដើម និងបង់អាវុធចំនួន ២។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលបានរត់គេចខ្លួន៕

