(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ មុត ភិរុណ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន និងមានការសម្របសម្រួលនីតិវិធីដោយ លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញនៅថ្ងៃខែដដែល វេលាម៉ោង ០៥៖១៥នាទីទាបភ្លឺ ត្រង់ចំណុចស្ដុបចាក់អង្រែក្រោម ភូមិវៀតណាម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋានទទួលផែន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់។
ជនសង្ស័យទាំង ៣នាក់ រួមមាន៖
១- ឈ្មោះ ជ័រ វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិវៀតណាម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ណេត សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅហាងសាច់អាំងបែបចិន ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣-ឈ្មោះ យ៉ាង ម៉ៅ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយជនសង្ស័យទាំង ៣នាក់ ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់សោកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សំភារៈ និងវត្ថុតាងដកហូត រួមមាន៖
-ម៉ូតូចំនួន ១គ្រឿង ម៉ាក Suzuki Viva ពណ៌ខ្មៅ ពុំមានផ្លាកលេខ (អត់មានខោអាវ)
-ដែកសំប៉ែត ចំនួន៤
-សោម៉ូតូ ចំនួន២
-ដែកក្រវ៉ាត្រចៀក ចំនួន១។
បច្ចុប្បន្ន ជនសង្ស័យខាងលើ បានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

