(ភ្នំពេញ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូម៉ាក Suzuki Nex មួយគ្រឿង ក្រោយប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោងប្រហែល ៤៖៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ១៣២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ គឹម ម៉េងលី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ យ៉េក ឆានុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមការស្រាវជ្រាវ ជនសង្ស័យ និងបក្ខពួក បានធ្វើសកម្មភាពលួចម៉ូតូម៉ាក Suzuki Nex ពណ៌ទឹកក្រូចលាយស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្ដាល 1AG-9600 នៅមុខផ្ទះលេខ២៥៤B ផ្លូវលេខ១៤៦Z សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល ៤៖០០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

