(តាកែវ)៖ កម្លាំងនគរបាលស្រុកអង្គរបូរី បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារីអាយុ ១២ឆ្នាំ ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
តាមសមត្ថកិច្ច បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖២០នាទី ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយជនរងគ្រោះ អាយុ ៤២ឆ្នាំ រស់នៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដោយបានប្តឹងជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងការចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ដែលមានអាយុ ១២ឆ្នាំ។
ជនសង្ស័យទាំង ២នាក់ រួមមាន៖
ទី១-ឈ្មោះ នួន ឆេន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២២៖៣០នាទី បានធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេច នៅចំណុចក្នុងផ្ទះជនរងគ្រោះ។
ទី២-ឈ្មោះ លី សេត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១១៖១០នាទី បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេច នៅចំណុចគុម្ពឫស្សីខាងក្រោយរបស់ជនរងគ្រោះ។
ក្រោយទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល ចុះឃាត់ខ្លួនជនសង្ស័យទាំងពីរ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

