(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាលទ្ធផល ក្រុមការងារបានចុះត្រួតពិនិត្យសរុបចំនួន ៩៤ទីតាំង និងរកឃើញជនបរទេសស្នាក់នៅចំនួន ២៨៦នាក់ ក្នុងនោះស្រី ៨៤នាក់។ អាជ្ញាធរក៏បានរកឃើញជនបរទេស ៣នាក់ គ្មានលិខិតឆ្លងដែនផងដែរ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាប ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី ស្ថិតនៅបុរីប៊ុនលី ចំការដូង ផ្ទះលេខ C16 ផ្លូវលេខ BL02 ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយឃាត់ខ្លួនជនសង្ស័យសរុប ៨នាក់ ក្នុងនោះស្រី ១នាក់ រួមមានជនជាតិបង់ក្លាដេស ៧នាក់ និងជនជាតិមីយ៉ាន់ម៉ា ១នាក់។ ក្នុងចំណោមអ្នកត្រូវឃាត់ខ្លួន មាន ៣នាក់ គ្មានលិខិតឆ្លងដែន ហើយសមត្ថកិច្ចបានដកហូតសម្ភារពាក់ព័ន្ធជាវត្ថុតាងមួយចំនួន។
តាមការពិនិត្យកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមជនសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញលួងលោមស្នេហា (Romance Scam) និងបោកប្រាស់ឱ្យវិនិយោគលើគម្រោងក្លែងក្លាយ (Investment Scam)។
បច្ចុប្បន្ន ជនសង្ស័យទាំង ៨នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

