(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា និងលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យឈ្មោះ SHUN ZHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគ្មានលិខិតឆ្លងដែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ រួមជាមួយវត្ថុតាង ពាក់ព័ន្ធនឹងបទចោទ កាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕

