(បាត់ដំបង)៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីសង្ស័យឆបោក និងកេងបន្លំទ្រព្យសម្បត្តិប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាច្រើននាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដោយមានការសហការពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង និងលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ បន្ទាប់ពីទទួលបានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះ យិន រស្មី ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឱ្យដឹងទៀតថា តាមការស្រាវជ្រាវ ជនសង្ស័យត្រូវបានសង្ស័យថា បានប្រើប្រាស់មុខរបរលក់គ្រឿងអលង្ការកាឡៃ ដោយអះអាងថាជាគ្រឿងប្លាទីន និងទទួលបញ្ចាំទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ ប៉ុន្តែមិនបានទទួលខុសត្រូវចំពោះទ្រព្យដែលទទួលបញ្ចាំ និងបានព្យាយាមគេចខ្លួនពីមូលដ្ឋាន។
សមត្ថកិច្ច បានបញ្ជាក់ថា សកម្មភាពនេះ ជនសង្ស័យបានប្រព្រឹត្តតាំងពីខែមីនា ឆ្នាំ២០២៦ នៅស្រុកឯកភ្នំ និងស្រុកមោងឫស្សី។
សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតគ្រឿងអលង្ការកាឡៃមួយចំនួនធំ ដែលរកឃើញនៅក្នុងឃ្លុបម៉ូតូរបស់ជនសង្ស័យ។ តាមសមត្ថកិច្ច ជនសង្ស័យក៏បានទទួលស្គាល់អំពីសកម្មភាពដែលខ្លួនបានប្រព្រឹត្តផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

