(កណ្តាល)៖ កម្លាំងកងរាជអាវុធហត្ថក្រុងអរិយក្សត្រ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធប្រហារ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចខាងក្រោយវត្តព្រែកបង្កង ស្ថិតក្នុងភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ត្រី ថុង សៀកឡុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងអរិយក្សត្រ។
បើតាមលោកវរសេនីយ៍ត្រី ថុង សៀកឡុង បានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ស្តីពីបុរសម្នាក់មានសកម្មភាពគួរឱ្យសង្ស័យ និងមានកាន់អាវុធប្រហារ កម្លាំងអាវុធហត្ថចំនួន ៦នាក់ ដោយប្រើប្រាស់រថយន្ត ១គ្រឿង និងម៉ូតូ ២គ្រឿង បានចុះទៅដល់ទីតាំងកើតហេតុ។
នៅពេលទៅដល់ កម្លាំងបានប្រទះឃើញជនសង្ស័យកំពុងស្ថិតនៅក្នុងរោងក្បែរបឹងឈូក ហើយបានធ្វើការឃាត់សួរនាំ។ ស្រាប់តែជនសង្ស័យបានប្រតាយប្រតប់ និងប៉ុនប៉ងតដៃជាមួយសមត្ថកិច្ច ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាប និងវាយខ្នោះបានដោយជោគជ័យ។
ជនសង្ស័យឈ្មោះ ចាន់ គង្គា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិ-សង្កាត់កើតហេតុ និងមានលទ្ធផលវិជ្ជមានសារធាតុញៀន។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់, ទូរស័ព្ទដៃ ១គ្រឿង, កាំភ្លើងស្នប់កែច្នៃ ២ដើម, ដាវ ១ដើម, សម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ព្រមទាំងប្រាក់សុទ្ធចំនួន ៩,០០០រៀល។
ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា គ្រឿងញៀនចំនួន ១កញ្ចប់ខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដោយបានទិញពីបុគ្គលម្នាក់ឈ្មោះ «ហ្សា» នៅម្តុំកំពង់ចម្លងជ្រោយចង្វារ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងអរិយក្សត្រ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

