(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតីវិធីពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២២៖០០នាទី ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖ ទី១-ឈ្មោះ រ័ត្ន វណ្ណៈ ហៅ អាហ្សា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២៨ ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់ការកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ វី ជីវ័ន្ត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៣-ឈ្មោះ សាវុត សុភី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២៨ ស្ថិតនៅភូមិក្បាលដំរី សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង ០៣នាក់ គ្មានសារធាតុញៀន) ជាមួយគ្នានោះក៏ដកហូតម៉ូតូ 0២គ្រឿង និងវត្ថុតាងមួយចំនួនផងដែរ។
ជនរងគ្រោះឈ្មោះ សៅ រៀម ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់ការកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីខាងលើនេះដែរ សមត្ថកិច្ចធ្វើការឃាត់ខ្លួននៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចជួលលេខ២៨ ផ្លូវបេតុង ស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

